Ads 468x60px

Sunday, September 27, 2015

បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងទំនួញប្រេត (BUN PCHUM BEN AND TUM NOUNH PRET)





បុណ្យភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំ ៗ ដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ" ។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា ។​

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​
បងប្អូនកូន​ចៅ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយដើម្បី​រៀបចំ​ម្ហូប​អាហារបាយ​សម្លចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម ។​


ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា "បាយបិណ្ឌ") ។
បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់ ។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​  ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង

រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ

អ្នកប្រាជ្ញ[នរណា?]បានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :
1.   គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
2.   គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
3.   គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។
បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ​ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ​មាននូវ ផ្កាឈូក​រត័្ន​មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា​ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ​ត្រជាក់ស្រួល មិន​បណ្តាល​ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ ។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួកសត្វនរកទាំង នោះមាន​ការកោត​ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់​ព្រះអង្គ លោក​ក៏បាន ពន្យល់ សមែ្តង​ធម៌‌ទេសនា​អោយពួកសត្វ​នរកទាំងនោះស្តាប់ ក្រោយ​មកលោក ក៏​បានលាត្រឡប់ មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា : "ទូល​ព្រះបង្គំ​ទាំង​អស់គ្នាសព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើងនរក ណា​អត់អាហារ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក អាហារភោជន ឬ បច្ច័យបួន​មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន​នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់​ក៏មានច្រើនដែរ អ៊ី​ចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច​ហើយ ផ្សព្វផ្សាយ​ពរសព្វសាធុការផល្លានិសង្ឃ បុណ្យ​ដាក់បិណ្ឌ​ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ​បានផលជួបឧបត្ថម្ភឲ្យ បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​តទៅ" ។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ​ព្រះពរ​ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បី​ឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង​ពីពេលនោះ​រហូត​មក​ដល់​សព្វ​ថៃ្ងនេះ ​។
ពិធីបុណ្យភ្ជុំបិណ្ឌ មានដើមកំណើតនៅសម័យអង្គរ នៅពេលដែលប្រជាជនធ្វើតាមសត្វ មុនព្រះព្រហ្មឫព្រះពុទ្ធសាសនា។ ប្រសិន បើយោងទៅតាមព្រះគម្ពីរដែលទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌគឺមានភាពស្មុគស្មាញច្រើន ប៉ុន្តែព្រះគម្ពីរដំបូងពាក់ព័ន្ធមានព្រះ សង្ឃ៥អង្គបានចរចាជាមួយព្រលឹងខ្មោច។ ក្នុងព្រះគម្ពីរទី២​ មន្រ្តីរាជការនិងទាហានជាច្រើនបានទទួលបញ្ជារបស់ស្ដេចឲ្យទៅធ្វើ សង្គ្រាម។ នៅលើសំពៅនៅពេលយប់ពួកគេបានជួបជាមួយនឹងព្រលឹងខ្មោចអត់ឃា្លន។ មន្ត្រីរាជការនិងទាហានបានសួរថា"តើពួក យើងអាចឲ្យចំណីអាហារទៅឲ្យអ្នកដោយរបៀបណា?"​ ព្រលឹងខ្មោចបានឆ្លើយ"អ្នកអាចឲ្យចំណីអាហារទៅមនុស្សមា្នក់ក្នុងចំណោម អ្នកទាំងអស់ដែលចេះសិល្ប៍៥ឫសិល្ប៍៨ហើយហៅឈ្មោះរបស់ពួកយើង"។ បើយោងទៅតាមព្រះតេជគុណ អ៊ុំ​ សាម បានឲ្យដឹងថា ជាយូរណាស់មកហើយព្រះសង្ឃពុទ្ធសាសនា​ បានដើរគ្រប់ទីកន្លែងដើម្បីបិណ្ឌបាត្រ មិនថាជួបនឹងអាកាសធាតុអាក្រក់យ៉ាងណា នោះទេ។ ក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នដែលជាអ្នកតស៊ូដ៏ខ្លាំងនៃព្រះពុទ្ធសាសនាបានគាំទ្រនឹងផ្ដល់ឲ្យព្រះសង្ឃពុទ្ធ សាសនានូវរបស់ចាំបាច់ចំនួន៤គឺ សំលៀកបំពាក់ អាហារ ជំរក និងថ្នាំពេទ្យ។ ស្ដេចដឹងថានៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត្រ ក្នុងរដូវវស្សានេះជួបប្រទះនឹងភ្លៀងផ្គរយ៉ាងខ្លាំង។ ស្ដេចមានចិត្តអាណិតអា​​សូរដល់ព្រះសង្ឃយ៉ាងខ្លាំង ដូច្នេះបានស្នើរសុំមិនឲ្យ ព្រះសង្ឃដើរបិណ្ឌបាត្ររយះពេល៣ខែរៀងរាល់រដូវវស្សា។ ដូច្នេះស្ដេចក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យផ្ដល់ជូននូវអាហារ និងតំរូវការមូលដ្ឋានផ្សេងទៀតសម្រាប់ព្រះសង្ឃក្នុងរយះពេលនេះ ។ អ្នកដើរតាមព្រះពុទ្ធនឹងទទួលបានកុសលផលបុណ្យជាច្រើន។ ជាលទ្ធផលមានមនុស្សកាន់តែច្រើនបានផ្ដល់ជូននូវតំរូវការចាំបាច់ទាំង៤ដល់ព្រះសង្ឃ ។ និន្នាការនេះបានបង្កើតឲ្យមានគម្ពីរមួយ ទៀតស្ដីអំពីពិធីបុណ្យភ្ជុំបិណ្ឌ។ តាមការអានគម្ពីរនិយាយថាមានព្រះសង្ឃមួយអង្គជាន់ខ្ពស់មានអានុភាពខ្លាំងក្លាអាចចុះទៅឋាននរក បាន។ គាត់អាចហោះហើរនៅឋាននរកដោយគ្មាន ទទួលរងនូវគ្រោះភ័យ ។ អ្នកដែលស្លាប់នៅឋាននរកនោះមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនូវដំណើរទស្សនកិច្ចរបស់គាត់ ហើយធ្វើឲ្យគាត់គាត់ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយគាត់បានទេសនា ទៅឲ្យពួកគេស្ដាប់។ មុនពេលដែលគាត់ត្រឡប់មកវិញវិញាណទាំងនោះបានសុំឲ្យគាត់ជំរាបជូនសាច់ញាត្តិរបស់ពួកគេថាការរស់នៅ របស់ពួកគេទទួលរងនូវភ្លើងនរក ការអត់ឃ្លាន​ និងជំងឺយ៉ាងខ្លាំង។ ដូចនេះសាច់ញាត្តិដែលរស់នៅគួរតែផ្ដល់ជូនព្រះសង្ឃនូវរបស់ចាំ បាច់ទាំង៤ដើម្បីដោះលែងពួកគេពីការរងទុក្ខនេះ។ ព្រះមហាក្សត្របានបញ្ជាឲ្យមនុស្សទាំងអស់ប្រារព្ធពិធីបុណ្យកាន់បិណ្ឌដែលមាន រយះពេល១៥ថ្ងៃដើម្បីឧទ្ទិសកុសលទៅឲ្យអ្នកដែលស្លាប់ក្នុងអំឡុងពេលរដូវវស្សានេះ ។ ដូចនេះពិធីបុណ្យភ្ជុំបិណ្ឌបាន កើតមាន ចាប់តាំងពីពេលនោះមក ។

មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
1.   ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
2.   ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
3.   ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា ។
កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា ។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ ។

ម្យ៉ាងទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត​ កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋាន មនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យគេដោះលែងឲ្យមក ទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ ។ ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាត្តិឫកូនចៅរបស់ពួកគេតាមរយះការអធិដ្ឋានដោយព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដា សាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសល ផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ ។



បើចង់ដឹងលំអិតថែមទៀតសូមចូលទៅមើល......វែបសាថ៍ ចុចទីនេះ.... km.wikipedia.org